សមាគម​អតីត​យុទ្ធជន​​ជំទាស់​ការ​​សុំ​តម្កល់​រូប​សំណាក​លោក កែម ឡី ​នៅ​ទីលាន​ប្រជាធិបតេយ្យ

រូប​សំណាក និង​អ្នក​ស្មូន​រូប​សំណាក​លោក បណ្ឌិត កែម ឡី​។ រូបថត ហ្វេសប៊ុក
រូប​សំណាក និង​អ្នក​ស្មូន​រូប​សំណាក​លោក បណ្ឌិត កែម ឡី​។ រូបថត ហ្វេសប៊ុក




ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ សមាគម​អតីត​យុទ្ធជន​កម្ពុជា​បាន​ប្រកាស​ប្រឆាំង​ដាច់​ខាត​ចំពោះ​សំណើ​របស់​តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ​ដែល​ស្នើសុំ​សង់​រូប​សំណាក​​លោក បណ្ឌិត កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​សមាគម​ដែល​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​នេះ​បាន​ចំអក​​ថា​លោក​ កែម ឡី​ មិន​មាន​ស្នាដៃ​អ្វី​ដើម្បី​ជាតិ​ដែល​មិន​អាច​ប្រៀប​ស្មើ​នឹង​ទាហាន​ដែល​ហ៊ាន​ពលី​ជីវិត​ដើម្បី​ការពារ​ទឹកដី​នៅ​តាម​ព្រំដែន​នោះ​ផង​ទេ។
ការ​ប្រកាស​បែប​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ​នៅ​មណ្ឌល​តាកែវ​លោក អ៊ូ ច័ន្ទរ័ត្ន បាន​ស្នើ​អភិបាល​រាជធានី​ភ្នំពេញ​តម្កល់​រូប​សំណាក កែម ឡី ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​ក្នុង​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ដោយ​អះអាង​ថា​ដើម្បី​រំឭក​ពី​​វីរភាព​ក្នុង​ការ​បញ្ចេញ​មតិ​លាត​ត្រដាង​ការពិត​ពី​បញ្ហា​​នៅ​ក្នុង​សង្គម​របស់​គាត់​រហូត​ដល់​ត្រូវ​គេ​បាញ់​សម្លាប់​។
ក្នុង​លិខិត​របស់​លោក អ៊ូ ច័ន្ទរ័ត្ន ចុះ​ថ្ងៃ​ទី ១៧ សីហា​បញ្ជាក់​ថា​៖ ​«​ជាមួយ​គ្នា​នេះ​ពួកគាត់​ព្រម​ទាំង​រូប​ខ្ញុំ​ផ្ទាល់​មាន​បំណង​សាងសង់ និង​តម្កល់​រូប​សំណាក​លោក​បណ្ឌិត កែម ឡី នៅ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​រំឭក​ដល់​វីរភាព​របស់​លោក​បណ្ឌិត​ដែល​លោក​ជា​និមិត្តរូប​នៃ​សេរីភាព​បញ្ចេញ​មតិ​»។
លោក អ៊ូ ច័ន្ទរ័ត្ន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា៖ «ខ្ញុំ​មិន​បដិសេធ​ទេ​ចំពោះ​យុទ្ធជន​ដែល​ពលីជីវិត ពលិកម្ម​សម្រាប់​ប្រទេស​ជាតិ​គួរ​ទទួល​បាន​ការ​ដឹងគុណ​ ការ​គោរព​ដូច​គ្នា​ចឹង»។
តែ​លោក​ថា​ដោយ​ឡែក​លោក​បណ្ឌិត កែម ឡី ក៏​សម​នឹង​អនុញ្ញាត​ឱ្យ​មាន​សង់​រូប​សំណាក​នៅ​ទីលាន​ប្រជាធិបតេយ្យ​ដែរ​ដោយ​សារ​រូបគាត់​ហ៊ាន​បញ្ចេញ​មតិ​និយាយ​អ្វី​ដែល​ជា​ការពិត​ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ពី​សង្គម​ជាក់ស្តែង និង​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​មតិ​ជាតិ និង​អន្តរជាតិ។
នៅ​ក្នុង​គេហទំព័រ​របស់​អគ្គលេខាធិការដ្ឋាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ដែល​បាន​បង្ហោះ​កាលពី​ម្សិលមិញ​បាន​លើក​ឡើង​ថា៖ «ជាង ៨ ឆ្នាំ​កន្លង​មក​នាយ​ទាហាន នាយ​ទាហានរង និង​ពលទាហាន​ទាំងអស់​នៅ​ (កងពល​តូច​​អន្តរាគមន៍​លេខ ៨) មិន​បាន​សម្រាក​ទាំង​ថ្ងៃ​ទាំង​យប់​។ មិន​បាន​សម្រាក​ព្រោះ​ត្រូវ​ប្រឈម​មុខ​ជាមួយ​សត្រូវ​ដែល​​វា​ចង់​បាន​ប្រាសាទ​ព្រះវិហារ​ប្រាសាទ​តាមាន់ និង​តា​ក្របី ព្រម​ទាំង​តំបន់​ជាច្រើន​ឯទៀត​តាម​ព្រំដែន កម្ពុជា-ថៃ។ តើ​លោក កែម ឡី កន្លង​មក​មាន​ស្នាដៃ​អ្វី​ខ្លះ​ចំពោះ​ជាតិ​​លើស​ពួក​ខ្ញុំ​នោះ?»។
សមាគម​អតីត​យុទ្ធជន​កម្ពុជា​បាន​លើក​ឡើង​បែប​ចំអក​ថា​៖ ​«បើ​គេ​ទាមទារ​ឲ្យ​​លោក កែម ឡី ជា​វីរជន​អ៊ីចឹង​យុទ្ធមិត្ត​ពួក​ខ្ញុំ​ជាច្រើន​ដែល​បាន​បូជា​លះបង់​ជីវិត​សាច់​ស្រស់​ឈាម​ស្រស់​ដើម្បី​ប្រទេស​ជាតិ​ពិតប្រាកដ​នោះ​គួរ​តែ​ត្រូវ​បាន​ផ្តល់​ងារ​អ្វី​មួយ​ដែល​លើស​ពី​លោក កែម ឡី ឬ​ក៍​ត្រូវ​សាង​រូប​សំណាក​​ដែល​មាន​ទំហំ​ធំ​ជាង​រូប​សំណាក​លោក កែម ឡី ជាច្រើន​ម៉ឺន​ដង​សម្រាប់​​ពួកយើង​ខ្ញុំ​ម្នាក់ៗ​ដែល​បាន​លះបង់​ជីវិត​នៅ​សមរភូមិ»។ «ក៏​ប៉ុន្តែ​ពួកខ្ញុំ​មិន​ត្រូវការ​កិត្តិយស​ដល់​ថ្នាក់​ហ្នឹង​ទេ​តែ​យើង​ខ្ញុំ​ជំទាស់​ដាច់​ខាត​ចំពោះ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​ពួក​ជ្រុល​និយម​មួយ​ចំនួន​តូច​ដែល​​ចង់​ដាក់​រូប​សំណាក​លោក កែម ឡី នៅ​ទីលាន​ប្រជាធិបតេយ្យ»។ «យើង​ខ្ញុំ​ជា​នាយទាហាន នាយ​ទាហាន​រង និង​ពលទាហាន​ទាំងអស់​នៅ​កងពល​តូច​អន្តរាគមន៍​លេខ ៨ ក៏​ដូចជា​កងពល​ផ្សេងៗ​សង្ឃឹម​ថា​សាលា​រាជធានី​ភ្នំពេញ​នឹង​មិន​អនុញ្ញាត​តាម​ការ​ស្នើសុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ឡើយ»។
ភ្នំពេញ​ប៉ុស្តិ៍​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​អគ្គលេខាធិការ សមាគម​អតីត​យុទ្ធជន​លោក គន់ គីម និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​លោក ឈុំ សុជាតិ បាន​នៅ​ឡើយ​ទេ។ ចំណែក​អ្នក​នាំ​ពាក្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា​លោក សួង ម៉េងឡុង ក៏​មិន​អាច​ទាក់ទង​បាន​ដែរ​ខណៈ​លោក តូច ចាន់នី ​ធ្លាប់​ជា​អ្នក​នាំពាក្យ​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ។
ចំណែក​អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​លោក មាន ចាន់យ៉ាដា​ ថ្លែង​ថា​លោក​មិន​ទាន់​បាន​ឃើញ​លិខិត​ផ្លូវការ​របស់​សមាគម​អតីត​យុទ្ធជន​កម្ពុជា​នៅ​ឡើយ​ខណៈ​ការ​ស្នើសុំ​ឱ្យ​មាន​ការ​ដាក់​រូប​សំណាក​លោក​ កែម ​ឡី នៅ​ទីលាន​ប្រធិបតេយ្យ​ក៏​មិន​ទាន់​សម្រេច​។
លោក​ថា៖ ​«យើង​អត់​ទាន់​សម្រេច​យ៉ាង​ម៉េច​ទេ​យើង​កំពុង​ដាក់​សំណើ​ជូន​ថ្នាក់​ដឹកនាំ​ឯកឧត្តម​អភិបាល​ហើយ​តែ​មិន​ទាន់​សម្រេច​យ៉ាង​ម៉េច​ទេ»​។
ទាក់ទង​នឹង​ការ​ប្រកាស​របស់​សមាគម​​អតីត​យុទ្ធជន​កម្ពុជា​វិញ​លោក​ថា​៖ «សាលា​រាជធានី​អត់​ទាន់​បាន​ទទួល​លិខិត​ជា​ផ្លូវការ​ទេ​អ៊ីចឹង​បាន​បង​និយាយ​ថា​ចុះ​មនុស្ស​ទាំងអស់​ដែល​បង្ហូរ​ឈាម​ដោយសារ​ជាតិ​ជាក់ស្តែង​តើ​ត្រូវ​ដាក់​រូប​ចឹង​ដែរ​ឬ​យ៉ាង​ម៉េច!»។
លោក កែម ឡី ដែល​ជា​អ្នក​វិភាគ​ល្បី​ឈ្មោះ​ហ៊ាន​និយាយ​ការពិត​ពី​បញ្ហា​នៅ​ក្នុង​សង្គម​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃ​ទី​ ១០ ​ខែ​កក្កដា​ហើយ​សព​របស់​លោក​ត្រូវ​បាន​យក​ទៅ​បញ្ចុះ​នៅ​ក្នុង​ស្រុក​កំណើត​ក្នុង​ខេត្ត​តាកែវ​ដែល​មាន​អ្នក​ចូលរួម​ដង្ហែ​សព​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ប្រមាណ​ពីរ​លាន​នាក់​។ គិត​រហូត​មក​ដល់​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៅ​​តែ​មាន​ប្រជាពលរដ្ឋ​​ជា​ហូរហែ​មកពី​តាម​បណ្តា​ខេត្ត​នានា​នៅ​តែ​បន្ត​ទៅ​អុជ​ធូប​គោរព​នៅ​កន្លែង​តម្កល់​សព​របស់​អ្នក​វិភាគ​រូប​នេះ​​នៅ​ឡើយ​៕

Contact author: ឡាយ សាមាន
Share on Google Plus

0 comments:

Post a Comment