ក្រុម​ស្ត្រី​ដ៏​មាន​អំណាច ១០ រូប​នៅ​ក្នុង​ពិភព​លោក​

ក្រុងប៉ារីស៖ ថ្វីបើពុំមានច្រើន ប៉ុន្តែវាកំពុងតែបង្ហាញនូវការកើនឡើងនូវស្ត្រីនៅក្នុងអំណាច បានចាប់ផ្តើមទម្លាយរាល់ឧបសគ្គនិង ចូលរួមក្នុងក្រុមមេដឹកនាំនយោបាយពិភពលោក ខណៈពួកគេនៅ តែប្រឈមនឹងការប្រយុទ្ធដើម្បីសិទ្ធិរបស់ពួកគេ។ តទៅនេះ គឺជាស្ត្រីដែលមានឥទ្ធិពលទាំង ១០ រូបនៅក្នុងពិភពលោក ៖

១- Angela Merkel
លោកស្រី មឺរកែល វ័យ ៦២ ឆ្នាំ បានក្លាយជាអធិការបតីស្រ្តីទី ១ របស់អាល្លឺម៉ង់នៅក្នុងឆ្នាំ ២០០៥ និងបានដឹកនាំរដ្ឋសេដ្ឋកិច្ចធំបំផុតនៅអឺរ៉ុប តាំងពីពេលនោះមក ដោយបានឈ្នះអាណត្តិ ៤ ឆ្នាំទី ៣ ក្នុងឆ្នាំ ២០១៣ ។
លោកស្រីគឺជាមេដឹកពិភពលោកដ៏សំខាន់មួយរូប ដែលទស្សនៈរបស់លោកស្រីមានទម្ងន់ក្នុងអំឡុងពេលវិបត្តិ ហិរញ្ញវត្ថុនិងសេដ្ឋកិច្ច លើបញ្ហានយោបាយ និងបញ្ហាជនចំណាកស្រុកពិភពលោក។ លោកស្រី ជាបណ្ឌិតរូបវិទ្យានិងត្រូវបានជាប់ឈ្មោះថាជាស្រ្តីមានឥទ្ធិពលបំផុតរបស់ពិភពលោករបស់ទស្សនាវដ្តី Forbes ក្នុងឆ្នាំ ២០១៥ ។
២- Theresa May
លោកស្រី May អាយុ ៥៩ ឆ្នាំបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទី ២ នៃអង់គ្លេស បន្ទាប់ពីលោកស្រី Margaret Thatcher កាលពីថ្ងៃទី ១៣ កក្កដា ក្រោយពីលោក ដេវីដ កាមេរ៉ុន លាលែងពីតំណែង។ លោកបានលាលែងពីតំណែងក្រោយពីពលរដ្ឋអង់គ្លេស បានបោះឆ្នោតដើម្បីចាកចេញពីសហភាពអឺរ៉ុប។
រដ្ឋមន្រ្តីមហាផ្ទៃ ចាប់តាំងពីឆ្នាំ ២០១០ លោកស្រី May ដែលបានធ្វើយុទ្ធនាការ ដោយប្រុងប្រយ័ត្នដើម្បីបន្តនៅក្នុងអឺរ៉ុបនឹងទទួលខុសត្រូវចំពោះការចរចាការ ផ្តាច់ខ្លួនដ៏សែនលំបាកពីសភាអឺរ៉ុបនោះ។
៣- Hillary Clinton
លោកស្រីហ៊ីឡារី អតីតស្រ្តីទី ១ (១៩៩៣-២០០១) ព្រឹទ្ធសមាជិករដ្ឋញូវយ៉ក និងរដ្ឋមន្រ្តីការបរទេសក្រោមប្រធានាធិបតី បារ៉ាក់អូបាម៉ា បច្ចុប្បន្នសម្លឹងទៅកាន់ សេតវិមានដោយខ្លួនលោកស្រី ផ្ទាល់ បន្ទាប់បានក្លាយជាស្ត្រីទី ១ ដែលទទួលបានការតែងតាំងពីគណបក្សធំមួយ នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០១៦។
៤- Aung San Suu Kyi
ជយលាភីណូបែលសន្តិភាពវ័យ ៧១ ឆ្នាំ ដែលជានិមិត្តរូបលទ្ធិប្រជាធិបតេយ្យម្នាក់នៅមីយ៉ាន់ម៉ា ត្រូវបានរារាំងមិនឲ្យក្លាយជាប្រធានាធិបតីដោយរដ្ឋធម្មនុញ្ញមួយដែលជាមរតកនៃរដ្ឋាភិបាលយោធារបស់ប្រទេសនេះ។ ជំនួសមកវិញ ក្រោយពីជាប់ឃុំក្នុងផ្ទះជាច្រើនឆ្នាំ និងការបោះឆ្នោតជាប្រវត្តិសាស្រ្តនៅខែវិច្ឆិកា ២០១៥ លោកស្រី បានក្លាយជាទីប្រឹក្សារដ្ឋ និងនាយករដ្ឋមន្រ្តីផ្លូវការនិងបានដាក់បុរសម្នាក់ពីមជ្ឈដ្ឋានខាងក្នុងរបស់លោកស្រី ក្នុងតួនាទីប្រធានាធិបតី។
៥-Ellen Johnson Sirleaf
ដោយត្រូវបានចាត់ទុកជាស្រី្តចិត្តដែក លោកស្រី Sirleaf របស់លីបេរីយ៉ា វ័យ ៧៧ ឆ្នាំ បានបង្កើតប្រវត្តិសាស្រ្ត នៅពេលលោកស្រី បានក្លាយជាប្រធានាធិបតីស្រីជាប់ឆ្នោតដំបូងរបស់ទ្វីបអាហ្រ្វិកក្នុងខែវិច្ឆិកាឆ្នាំ ២០០៥។ បន្ទាប់មក លោកស្រី ក៏បានទទួលរង្វាន់ណូបែលសន្តិភាពផងដែរ។ សេដ្ឋវិទូ ដែលជាអតីតមន្រ្តីអន្តរជាតិស៊ីវិល និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុរូបនេះបានឈ្នះអាណត្តិទី ២ នៅក្នុងឆ្នាំ ២០១១។
៦- Michelle Bachelet
លោកស្រី Bachelet នៃប្រទេស ឈីលី គឺជាមេដឹកនាំស្រ្តីតែម្នាក់គត់ដែលបច្ចុប្បន្នកំពុងកាន់អំណាច នៅអាមេរិកឡាទីន។
អតីតមេដឹកនាំប្រឆាំងដែលត្រូវរងទារុណកម្មនៅក្រោមរបបរបស់លោក Augusto Pinochet លោកស្រីក៏ធ្លាប់ជារដ្ឋមន្ដ្រីការពារជាតិស្ត្រីទី ១ នៅក្នុងតំបន់ មុននឹង ក្លាយជាប្រធានាធិបតីឈីលី ពីខែមករាឆ្នាំ ២០០៦ដល់ ២០១០។ ក្នុងខែធ្នូ ឆ្នាំ ២០១៣ លោកស្រី Bachelet ក៏បានឈ្នះអាណត្តិទី ២ ជាប្រធានាធិបតីទៀត។
៧- Christine Lagarde
លោកស្រី Lagarde វ័យ ៦០ ឆ្នាំគឺជាស្រ្តីទី ១ ដែលដឹកនាំមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដោយបានបន្តតំណែងនោះ នៅក្នុងឆ្នាំ ២០១១ ចំពេលមានវិបត្តិបំណុលមួយ។ លោកស្រី ទើបតែត្រូវបានតែងតាំងជាប្រមុខ IMF ជាថ្មីម្តងទៀត។ ក្នុងនាមអតីតមេធាវីសាជីវកម្មមួយរូប លោកស្រី Lagarde ក៏ធ្លាប់ជារដ្ឋមន្រ្តីហិរញ្ញវត្ថុស្ត្រីទី ១ របស់បារាំងដែរ។
៨- Janet Yellen
នៅក្នុងឆ្នាំ ២០១៣ លោកស្រី Yellen វ័យ ៦៩ ឆ្នាំ ត្រូវបានតែងតាំងជាប្រមុខធនាគារកណ្តាលអាមេរិក ជាតំណែងមួយដែលធ្លាប់ត្រូវបានកាន់កាប់ដាច់មុខ ដោយបុរសរហូតដល់ពេលនោះ។ អតីតសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Harvard លោកស្រីក៏ធ្លាប់ជាប្រមុខសេដ្ឋវិទូរបស់អតីតប្រធានាធិបតីអាមេរិកលោក ប៊ីល គ្លីនតុន ផងដែរ។
៩- Irina Bokova
ស្ត្រីប៊ុលហ្គារី លោកស្រី Bokova វ័យ ៦៤ ឆ្នាំ បានក្លាយជាស្ត្រី ទីមួយដែលដឹកនាំអង្គការវប្បធម៌ អ.ស.ប. UNESCO ក្នុងឆ្នាំ ២០០៩ ដែលទាក់ទងនឹងការអប់រំ បេតិកភណ្ឌវប្បធម៌ និងសេរីភាពនៃការបញ្ចេញមតិ។ត្រូវបានជាប់ឆ្នោតជាថ្មី ក្នុងឆ្នាំ ២០១៣ អាជីពជាអ្នកការទូតនេះ បានដាក់ UNESCO នៅ
ចំកណ្តាលនៃការប្រយុទ្ធសម្រាប់សមភាពរបស់ស្ត្រី។
១០- Margaret Chan
វេជ្ជបណ្ឌិតវ័យ ៦៨ ឆ្នាំ ដែលធ្លាប់ដឹកនាំក្រសួងសុខាភិបាល ហុងកុង ក្នុងអំឡុងពេលនៃការរាតត្បាតផ្តាសាយបក្សី និងជំងឺ SARS, លោកស្រី Chan គឺជាជាអគ្គនាយកនៃអង្គការសុខភាពពិភពលោកនិងបានធ្វើឲ្យសុខភាពស្ត្រីគឺជាអាទិភាពសម្រាប់ ស្ថាប័ អ.ស.ប.នោះ៕
ប្រភព៖ postkhmertribuneceoworld
Share on Google Plus

0 comments:

Post a Comment