អ្នកស្រី ទេព វន្នី (ឆ្វេង) និងលោកស្រី បូវ សោភា ញញឹមមកកាន់អ្នកគាំទ្រនៅខាងមុខតុលាការ នៅថ្ងៃទី១៧ សីហា ឆ្នាំ២០១៦។ RFA/Cheu Sideth


សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្ដន្ទាទោសអ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ឲ្យជាប់ពន្ធនាគារចំនួន៦ថ្ងៃ និងពិន័យជាប្រាក់ម្នាក់៨ម៉ឺនរៀល ដោយចោទប្រកាន់ពីបទប្រមាថ តាមមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
តុលាការ បានប្ដូរបទចោទអ្នកទាំងពីរពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ តាមមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ក្រោយពីមេធាវី និងកូនក្ដី បង្ហាញអំណះអំណាងថា ទង្វើរបស់អ្នកទាំងពីរ ដែលប្រើប្រាស់សម្ភារៈ ធ្វើយុទ្ធនាការថ្ងៃពណ៌ខ្មៅ ដូចជារូបទីងមោងឥតក្បាល កាលពីថ្ងៃទី១៥ សីហា គឺមិនបានបំពាននឹងច្បាប់នោះទេ ហើយនេះជាសេរីភាពនៃការប្រតិបត្តិសាសនា។
អ្នកស្រី បូវ សោភា និងអ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរ ចាប់ឃុំខ្លួននៅល្ងាចថ្ងៃចន្ទ ទី១៥ សីហា។ គិតមកដល់ថ្ងៃជំនុំជម្រះនេះ អ្នកទាំងពីរ ត្រូវគេឃុំខ្លួន អស់រយៈពេល៨ថ្ងៃហើយ។
ទោះបីជាតុលាការ បានប្ដូរបទចោទ ដែលសម្រេចដោះលែងអ្នកទាំងពីរឲ្យមានសេរីភាព នៅថ្ងៃនេះក្តី ក៏ប្រជាពលរដ្ឋនៃសហគមន៍បឹងកក់ ស្រែកតវ៉ាក្រោយពេលដែលអាជ្ញាធរ ដឹកអ្នកទាំងពីរទៅពន្ធនាគារ បន្ទាប់ពីជំនុំជម្រះហើយ ថា ការកាត់ក្ដីនេះ មិនយុត្តិធម៌។ ប្រជាពលរដ្ឋ អះអាងថា អ្នកទាំងពីរ មិនបានប្រព្រឹត្តិខុសដូចការចោទប្រកាន់របស់តុលាការឡើយ។

សកម្មជននៃសហគមន៍បឹងកក់ឈរស្រែកតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦។ RFA/Cheu Sideth
លោក អំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) បញ្ជាក់ថា ការកាត់សេចក្ដីរបស់តុលាការដែលប្ដូរបទចោទ ក្រោយមិនមានភស្តុតាងគ្រប់គ្រាន់ គឺតុលាការ ព្យាយាមរកលេសមកចោទអ្នកទាំងពីរ ត្បិតអាជ្ញាធរបានឃុំខ្លួនអ្នកទាំងពីរជាច្រើនថ្ងៃហើយ។ លោក សង្កត់ធ្ងន់ថា នេះ ជាការរំលោភលើសិទ្ធិរបស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោក លី សុផាណា អ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ ឲ្យដឹងថា៖ «ឈ្មោះ ទេព វន្នី នឹងត្រូវបង្ហាញខ្លួននៅសវនាការដោយឡែកមួយទៀតនៅថ្ងៃទី១៩ កញ្ញា ២០១៦ ពេលព្រឹក ដែលជាប់ចោទពីបទ ប្រមាថរាជការសាធារណៈ និងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់»។
ប្រជាពលរដ្ឋបឹងកក់ បង្ហើបថា ប្រសិនបើអ្នកស្រី ទេព វន្នី មិនត្រូវបានគេដោះលែងជាមួយអ្នកស្រី បូវ សោភា នៅថ្ងៃនេះទេ នោះអ្នកស្រី បូវ សោភា ក៏មិនព្រមចេញពីពន្ធនាគារដែរ។
សូមរង់ចាំអាន និងស្ដាប់ព័ត៌មានពិស្ដារ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។

0 comments:
Post a Comment