អ្នកស្រុកដណ្តើមយកឡានដឹកជន្លង់ម្រេចដែលប៉េអឹមចាប់។ រូបថត ហ្វេសប៊ុក
ក្រចេះ: ខណៈដែលបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងក្រចេះមិនទាន់បញ្ជូនសំណុំរឿងទៅតុលាការនោះក្រុមអ្នករកស៊ីដឹកជន្លង់ម្រេចខុសច្បាប់បានចោទប្រកាន់សមត្ថកិច្ចថាបានប្រើហិង្សា និងថែមទាំងបានទទួលសំណូកដោយបើកដៃឲ្យពួកគេប្រព្រឹត្តបទល្មើសព្រៃឈើទៀតផង។
លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះបានឲ្យដឹងថា បញ្ជាការដ្ឋានអាវុធហត្ថមិនទាន់បញ្ជូនសំណុំរឿងស្តីពីការបង្រ្កាបបទល្មើសព្រៃឈើកាលពីយប់ថ្ងៃអង្គារ និងការឆ្មក់ចូលបញ្ជាការដ្ឋានរំដោះវត្ថុតាងនោះទៅតុលាការនៅឡើយទេកាលពីម្សិលមិញ។ លោកថាអយ្យការបានទទួលតែរបាយការណ៍បឋមមួយពីហេតុការណ៍នោះប៉ុណ្ណោះ។
លោកបញ្ជាក់ថា៖ «នៅមិនទាន់មានកសាងសំណុំរឿងមកទេ។ ពេលបានមកជាបឋមយើងនឹងចាត់ការទៅតាមច្បាប់ដោយកោះហៅទៅតាមរបាយការណ៍សំយោគរបស់មន្រ្តីយុត្តិធម៌»។
លោកថ្លែងថា ករណីនេះមានបទល្មើសរួចហើយគឺការដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ការរំដោះយកវត្ថុតាង និងការធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរដ្ឋ។
ក្រុមប្រជាពលរដ្ឋដែលរកស៊ីដឹកជន្លង់ម្រេចជិត ១០០ នាក់ដែលភាគច្រើនមកពីស្រុកព្រែកប្រសព្វបានសម្រុកចូលបញ្ជាការដ្ឋានអាវុធហត្ថក្រុងក្រចេះដោយបានរំដោះយករថយន្ត ២ គ្រឿងហើយបានធ្វើឲ្យខូចខាតរថយន្តរបស់អាវុធហត្ថផងដែរ។
ទោះយ៉ាងណា អ្នកដឹកជន្លង់ម្រេចបានចោទប្រកាន់សមត្ថកិច្ចទៅវិញថាជាអ្នកប្រើហិង្សាទៅវិញនៅពេលចុះចាប់រថយន្តពួកគេ។ អ្នកស្រី ទា ស៊ាងហុន អាយុ ៤០ ឆ្នាំរស់នៅក្នុងភូមិព្រែកជីក ឃុំសោប ស្រុកព្រែកប្រសព្វបានរំឭកហេតុការណ៍នៅយប់ថ្ងៃអង្គារនោះថាពួកគាត់បានដឹកជន្លង់ម្រេចចេញពីស្រុកសំបូរទៅលក់នៅស្រុកមេមត់ខេត្តត្បូងឃ្មុំដោយឆ្លងកាត់ក្រុងក្រចេះ។ ពេលពួកគាត់បើកហួសបញ្ជាការដ្ឋានអាវុធហត្ថក្រុងស្រាប់តែមានកូនឡានអាវុធហត្ថ ១ គ្រឿងចេញពីបញ្ជាការដ្ឋាននោះហើយបើកតាមវ៉ាទៅកាក់ពីមុខឡានពួកគេគឺមិនមែនដាក់បារ៉ាសនោះទេ។ នៅពេលនោះឡានពួកគាត់ដែលនៅខាងមុខគេជាន់ហ្វ្រាំងឈប់ជាបន្ទាន់ដែលធ្វើឲ្យឡានបើកនៅខាងក្រោយបុកបន្តកន្ទុយគ្នាធ្វើឲ្យអ្នកខ្លះរងរបួស និងខូចខាតឡានខ្លះ។
អ្នកស្រីអះអាងបន្តថាមន្រ្តីអាវុធហត្ថបានបញ្ជាឲ្យពួកគាត់បើកឡានយកទៅបញ្ជាការដ្ឋានតែពួកគាត់មិនព្រម និងនាំគ្នាតវ៉ាដើម្បីចង់បើកទៅមុខទៀត។ ពេលនោះស្រាប់តែមានឡានអាវុធហត្ថ និងព្រៃឈើផ្សេងទៀតបើកមកសរុបប្រមាណជា ៥ គ្រឿង។ អ្នកស្រីអះអាងបន្ថែមថាមន្រ្តីអាវុធហត្ថគឺសុទ្ធតែមានកំាំភ្លើងវែងខ្លីដំបងឆក់ ខ្នោះដៃ ដំបង និងពិលវែងៗជាដើម។ ពេលតវ៉ាមិនឈ្នះក៏បាននាំគ្នាយកជន្លង់ម្រេចបំាងផ្លូវ។
អ្នកស្រីថា៖ «គេកាក់ វ៉ៃឃាត់យកឡានតែម្តង។ គេវ៉ៃកញ្ចក់ឡាន ២ គ្រឿងបែកទាញតៃកុងចុះហើយឡើងបើកឡានយកទៅតែម្តង។ ដូចវ៉ៃប្លន់ចឹង»។ អ្នកស្រីបន្តថាសកម្មភាពរបស់អាវុធហត្ថលើកចុងក្រោយនេះគឺខុសពីលើកមុនៗដែលតាមកាក់ឡានដើម្បីយកលុយហើយបើចរចាគ្នាមិនត្រូវទើបគេចាប់យកឡាន។
អ្នកស្រីអះអាងថា៖«ពួកខ្ញុំបានទៅតវ៉ាកុំឲ្យវ៉ៃពួកប្រុសៗចឹងស្រាប់តែប៉េអឹមម្នាក់ដាល់ខ្ញុំ ១ ដៃចំស្មាចាប់បោកតែខ្ញុំមិនដួលហើយច្រានខ្ញុំផ្ងារក្រោយទៅ។ ខ្ញុំរបួសស្រាលត្រង់ក្បាលជង្គង់ និងកែងដៃ»។
ស្រ្តីដែលស្ថិតក្នុងហេតុការណ៍ដដែលនេះបានបដិសេធថាឈើដែលពួកគាត់ដឹកនោះគឺសុទ្ធតែជាជន្លង់ម្រេចដែលសល់ពីភ្លើងឆេះទេគឺមិនមែនឈើប្រណីតនោះទេ។
ការដឹកទាំងនោះមានដាក់ខែចន្លោះពី ៧ ម៉ឺនទៅ ១០ ម៉ឺនរៀលឲ្យអាវុធហត្ថក្រុងតាមរយៈអ្នកដើរប្រមូលឲ្យម្នាក់។ ប៉ុន្តែក្នុងរយៈពេល ៣ ខែចុងក្រោយនេះពួកគាត់លក់មិនសូវដាច់ទើបនាំគ្នាបង់នៅពេលជួបតាមផ្លូវពី ១ ម៉ឺនទៅ ២ ម៉ឺនរៀលឲ្យអាវុធហត្ថប៉ូលិស ទាហាន និងក្រុមអ្នកកាសែតផងដែរ។ ជួនកាលឡាន ១ គ្រឿងត្រូវចំណាយអស់រហូតដល់ ៥០ ម៉ឺនរៀលក៏មានក្នុង ១ ជើង។
ស្រ្តីរូបនេះថា៖ «ការចាប់នេះគឺប្រើអំពើហិង្សា។ គេបំផ្លើសទាំងអស់។ សុទ្ធតែពួកខ្ញុំវ៉ៃសមត្ថកិច្ច។ ពួកខ្ញុំគ្មានសិទ្ធិវ៉ៃសមត្ថកិច្ចទេ។ គ្មានដំបងកាំភ្លើងដូចប៉េអឹមទេ។ ទម្លាក់កំហុសលើពួកខ្ញុំ»។
ទោះយ៉ាងណាមេបញ្ជាការអាវុធហត្ថខេត្តក្រចេះលោក សាន្ត ប៊ុនថាន និងលោក អេង ហ៊ី មន្រ្តីនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេសបានច្រានចោលការចោទប្រកាន់នោះ។
លោក អេង ហ៊ី បញ្ជាក់ថា៖ «អាវុធហត្ថអត់មានប្រើហិង្សាអីលើគាត់ទេ។ មានតែហៅគាត់មកសម្របសម្រួលឲ្យធ្វើកិច្ចសន្យាដើម្បីថ្ងៃក្រោយឲ្យឈប់។ តែគាត់បែរជាមិនធ្វើនាំគ្នាចូលយកឡានអ៊ីចឹងទៅវិញ។ ការហៅឡានឲ្យឈប់វិញគឺពួកគាត់បើកឡានប៉ះគ្នាគាត់ទេ»។ លោកថាកម្លាំងអាវុធហត្ថគឺចាប់បទល្មើសព្រៃឈើទាំងអស់គឺមិនមែនត្រឹមតែបទល្មើសដឹកជន្លង់ម្រេចខុសច្បាប់នោះទេ។
ទាក់ទងការចោទរឿងយកលុយជាថ្នូរនឹងការមិនបង្រ្កាបវិញលោក អេង ហ៊ី ស្នើឲ្យមានការរាយការណ៍ ឬដាក់ជាពាក្យបណ្តឹងទៅលោកដើម្បីធ្វើការស្រាវជ្រាវ និងដាក់ពិន័យមន្រ្តីណាដែលបានប្រព្រឹត្តមែននោះ។
លោក ឌិន ខន្នី មន្រ្តីអង្កេតអង្គការអាដហុកខេត្តក្រចេះបានទៅជួបក្រុមអ្នកដឹកជន្លង់ម្រេចដែលរបួសកំពុងតែសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកាលពីម្សិលមិញ។ លោកថាអ្នករបួសមាន ៦ នាក់ក្នុងនោះបីនាក់របួសធ្ងន់។
លោកថា មន្រ្តីដែលចុះបង្រ្កាបកាលពីយប់ថ្ងៃអង្គារនោះមាន ១៨ នាក់ហើយលោកបានចាត់ទុកចំណាត់ការរបស់សមត្ថកិច្ចថា «មានលក្ខណៈក្តៅ និងហិង្សាហើយបានប្រតាយប្រតប់ជាមួយនឹងពលរដ្ឋ»។
ក្រៅពីនោះរថយន្តរបស់ប្រជាពលរដ្ឋក៏បានទទួលរងការខូចខាតដោយអន្លើប្រមាណជា ៧ គ្រឿងផងដែរ។ បន្ទាប់ពីបានចុះសាកសួរក្រុមអ្នកដឹកជន្លង់ម្រេចលោក ខន្នី បានថ្លែងថាអ្នកដឹកឈើទាំងនោះសុទ្ធតែបានបង់លុយឲ្យមន្រ្តីពាក់ព័ន្ធទាំងអស់៕
ប្រភព ះ ភ្នំពេញប៉ុសិ៍្ត
0 comments:
Post a Comment