ក្រសួង​ធនធាន​ទឹក​​ អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​មាន​ភ្លៀង​ខ្លាំង

យានយន្ត​បើក​តាម​ផ្លូវ​កាត់​ភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ​កន្លង​មក​។ ផា លីណា
ភ្នំពេញៈ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​កាលពី​ម្សិលមិញ​បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដង​ទន្លេ​មេគង្គ​ឲ្យ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​ដែល​នាំ​មក​នូវ​ភ្លៀង​ធ្លាក់​យ៉ាង​ច្រើន​ក្នុង​អាង​ទន្លេ​មេគង្គ​ដែល​អាច​នឹង​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​ដល់​កសិផល​ខណៈ​ដែល​​តំបន់​មួយ​ចំនួន​កំពុង​ជួប​គ្រោះ​រាំងស្ងួត​នៅ​ឡើយ​។
លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​នៅ​ពេល​នេះ​ព្យុះ​ឈ្មោះ NIDA បាន​ថយ​ឥទ្ធិពល​ប៉ុន្តែ​ប្រព័ន្ធ​សម្ពាធ​ទាប​មួយ​បាន​កើនឡើង និង​ អូស​កាត់​​ពី​លើ​អាង​ទន្លេ​មេគង្គ​ដែល​នឹង​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​អាង​ទន្លេមេគង្គ និង​ក្នុង​ប្រទេស​កម្ពុជា​។
លោក​​បញ្ជាក់​ថា​៖ «ក្នុង​ស្ថានភាព​បែប​នេះ​នឹង​ធ្វើ​ឲ្យ​កម្ពស់​ទឹក​ទន្លេ​មេគង្គ​កើនឡើង​ជា​បន្តបន្ទាប់​។ ហេតុ​ដូច្នេះ​ប្រជាកសិករ​ដែល​រស់នៅ​តាម​ដង​ទន្លេ​គប្បី​រួសរាន់​ប្រមូលផល​ដំណាំ​ព្រម​ទាំង​បង្កើន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជា​​ប្រចាំ​ដើម្បី​ចៀសវាង​ការ​ខាតបង់ និង​គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​ជាយថាហេតុ​»។
ជាមួយ​គ្នា​នេះ​លោក​បាន​អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ធ្វើការ​ផ្សព្វផ្សាយ និង​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ត្រៀម​បង្ការ​ចំពោះ​គ្រោះ​ទឹកជំនន់​ដែល​នឹង​អាច​កើត​មាន​នៅ​តាម​តំបន់​វាល​ទំនាប​មួយ​ចំនួន​ពិសេស​ការពារ​នឹង​ហាមឃាត់​កុមារ និង​ចាស់​ជរា​ចុះ​ងូត​ទឹក​ទន្លេ​ដែល​បច្ចុប្បន្ន​កំពុង​ហក់​ឡើង​ខ្ពស់ និង​មាន​លំហូរ​ខ្លាំង​។
ទោះ​ជា​បែប​ណា​ក្ដី​លោក ប៉ៃ ថងឈុត អាយុ​ ៥៦ ឆ្នាំ ជា​ជនជាតិ​ភាគតិច​ឡាវ​រស់នៅ​ភូមិ​ស្វាយរៀង ឃុំ តាឡាត ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​ បាន​ឲ្យ​ដឹង​​ថា​ កម្ពស់​ទឹក​ទន្លេមេគង្គ​ក្នុង​ខេត្ត​ស្ទឹងត្រែង​បាន​ចាប់​ផ្ដើម​ហក់​ឡើង​សា​ជា​ថ្មី​វិញ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​មក​នេះ​ ប៉ុន្តែ​វា​នៅ​តែ​មាន​កម្រិត​ទាប​ជាង​ឆ្នាំ​មុន​ប្រមាណ​ជិត ២ ម៉ែត្រ​ដែល​ធ្វើ​ឲ្យ​មាន​ក្ដី​ព្រួយ​កង្វល់​ពី​បញ្ហា​កង្វះ​ខាត​ទឹក និង​ធនធាន​ជលផល​ពិសេស​គឺ​ត្រី។
លោក​បាន​បញ្ជាក់​ថា៖ «​ការ​រស់នៅ​របស់​ពួកយើង​ពឹង​អាស្រ័យ​លើ​ការ​ដាំដុះ និង​នេសាទ​ប៉ុន្តែ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ​ភាព​រាំង​ស្ងួត​បាន​ធ្វើ​ឲ្យ​ពួកយើង​មិន​អាច​ដាំដុះ​បាន​ហើយ​នេសាទ​​ត្រី​ក៏​មិន​បាន​គ្រប់គ្រាន់​ផង​ដែរ»។
ស្រដៀង​គ្នា​នេះ​ដែរ​ប្រជាកសិករ​នៅ​ស្រុក​ចិត្របូរី ខេត្ត​ក្រចេះ​លោក​ គិត សុខ បាន​ឲ្យ​ដឹង​​ថា​នៅ​ពេល​នេះ​ដំណាំ​ដំឡូងមី​របស់​លោក​កំពុង​ត្រូវ​ការ​ទឹក​ភ្លៀង​មក​ជួយ​សង្គ្រោះ​ព្រោះ​ចាប់​តាំងពី​លោក​​បាន​ដាំដុះ​វា​កាលពី​ដើម​ខែ​មិថុនា​មក​ទឹក​ភ្លៀង​មិន​បាន​ធ្លាក់​ទៀងទាត់ និង​គ្រប់គ្រាន់​នៅ​ឡើយ​នោះ​ទេ។
លោក សុខ ថ្លែង​បន្ត​ថា៖ «​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នេះ​ការ​ដាំដុះ​ដំឡូងមី​មិន​ទទួល​បាន​ផល​ចំណេញ​នោះ​ទេ​ព្រោះ​តែ​ភាព​រាំងស្ងួត​។ ពួកយើង​នឹង​ជួប​ប្រឈម​ទៅ​នឹង​ភាព​អត់ឃ្លាន​ថែម​ទៀត​ប្រសិន​បើ​កម្រិត​ទឹក​ទន្លេ​ទាប​ដូច​ឆ្នាំ​មុន​ហើយ​ភាព​រាំងស្ងួត​នៅ​តែ​បន្ត​អូសបន្លាយ​»។
លោក កែវ វី អ្នក​នាំពាក្យ​​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​​គ្រោះ​មហន្តរាយ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ដោយ​សង្កត់​ធ្ងន់​ទៅ​លើ​កម្រិត​ទឹក​នៅ​តាម​ដង​ទន្លេ​ថា​នៅ​មាន​កម្រិត​ទាប​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​មុន​ដែល​ជា​ឆ្នាំ​ដ៏អាក្រក់​បំផុត​ដែល​កម្ពុជា​មិន​ធ្លាប់​ជួប​ប្រទះ។
លោក​ថ្លែង​ថា៖ «រហូត​មក​ទល់​ពេល​នេះ​យើង​អាច​និយាយ​បាន​ថា​យើង​មិន​មាន​ក្ដី​ព្រួយ​កង្វល់​ពី​បញ្ហា​គ្រោះ​ទឹកជំនន់​ទេ​តែ​យើង​បារម្ភ​ពី​កង្វះ​ទឹក​ប្រើប្រាស់​ខណៈ​ទឹក​ទន្លេ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ»។
បើ​តាម​ការ​ព្យាករណ៍​កម្ពស់​ទឹក​ជំនន់​របស់​ក្រសួង​ធនធាន​ទឹក​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​ទឹក​ទន្លេ​មេគង្គ​នៅ​ខេត្ត​ស្ទឹងត្រែង​មាន​កម្ពស់ ៥,៧០ ម៉ែត្រ​ទាប​ជាង​កាល​ពី​ឆ្នាំ​មុន ១,៨៤ ម៉ែត្រ​នៅ​ខេត្ត​ក្រចេះ​មាន​កម្ពស់ ១២,៩៨ ​ម៉ែត្រ​ទាប​ជាង​ឆ្នាំ​មុន ៣,៣៨ ម៉ែត្រ។ ​
ទោះ​ជា​បែប​ណា ​ការ​ព្យាករណ៍​បាន​បញ្ជាក់​ថា​កម្ពស់​ទឹក​នៅ​តាម​បណ្ដា​ស្ថានីយ​ជលសាស្ត្រ​ទាំង​ ៧ នឹង​បន្ត​កើនឡើង​ជា​បន្តបន្ទាប់​៕
ប្រភព​ ះ​ ភ្នំពេញប៉ុសិ៍្ត
Share on Google Plus

0 comments:

Post a Comment