សម្រាប់អ្នកនាង សុផា ប្រាប់ថា អ្នកនាងមិនដែលឆែកកាបូបប្ដីទេ ព្រោះយល់ថាជារឿងមិនល្អ។ ប្ដីគេបើកប្រាក់ខែឲ្យអស់ៗហើយ ទៅឆែកកាបូបគេទៀត គឺជារឿងមិនសមរម្យឡើយ។
អ្នករស់នៅម្ដុំវត្តសន្សំកុសលរូបនេះ បន្តថា៖ “ខ្ញុំគិតថាធ្វើចឹងដូចបំពានគេពេក ។ បើគេដឹងគេគិតថាយើងជានារីមុខលុយមិនខាន ព្រោះសូម្បីប្រាក់មួយសេនមួយរៀលក៏ចង់ដឹងពីប្ដីដែរ”។ មិនខុសគ្នាប៉ុន្មាន លោកដេវីត ប្រាប់ថា បើលោកមានប្រពន្ធ ក៏លោកមិនចូលចិត្តនារីណាឆែកកាបូបប្ដីដែរ។ កំលោះអាយុ២៤ឆ្នាំ បញ្ចេញមតិថា ធ្វើបែបនេះគឺបង្ហាញពីការមិនគោរពសិទ្ធគ្នាទៅវិញទៅមក។ នេះមិនខុសពីការមិនទុកចិត្តគ្នាដូច្នោះដែរ។ ពេលខ្លះប្ដីត្រូវចាយ ឬជួបជុំមិត្តភ័ក្ដិមានកាហ្វេគុយទាវតិចតួចអីហើយ ដល់ប្រពន្ធឆែកហើយឃើញបាត់លុយមកសូរ ។ ប្ដីត្រូវឆ្លើយលម្អិតជម្រាបប្រពន្ធសូម្បីរឿងចឹងៗទៀត គឺជីវិតអាពាហ៍ពិពាហ៍កាន់តែយ៉ាប់យឺនទៅៗមិនខាន។
ងាកមកបុរសទើបរៀបការរួចជាងកន្លះឆ្នាំ លោក សានិត និយាយថាលោកមិនខ្វល់រឿងឆែកកាបូបលុយនោះទេ។ បើសិនប្រពន្ធឆែកក៏បាន មិនក៏បាន ហើយបើមកទាន់នាងឆែកទៀត ក៏មិនខឹងប្រពន្ធដែរ។
លោកថា រាល់ថ្ងៃពេលចេញពីធ្វើការ ដឹងតែដកកាបូបលុយដាក់លើតុគ្រប់ពេល។ សម្រាប់ប្រពន្ធលោកពេលខ្លះនាងបើកមើល ពេលខ្លះអត់ផងដែរ។ ចំពោះលោក យល់ថាធ្វើបែបនេះមិនជារឿងអាក្រក់ទេ ព្រោះអាចឲ្យភរិយាដឹងច្បាស់ពីការចាយវាយរបស់ប្ដីបាន។
ចំណែកកញ្ញា រចនា អ្នកលក់សំលៀកបំពាក់តាម Online វិញ បញ្ចេញទស្សនៈថា កញ្ញានឹងឆែកកាបូបលុយប្តី ដោយសារនេះជារឿងល្អ។
“បើខ្ញុំមានគ្រួសារ ខ្ញុំនឹងឆែក ព្រោះកុំឲ្យប្ដីពេលអស់លុយហារមាត់សុំយើងដូចក្មេងសុំលុយម៉ែទៅរៀន គេធំហើយ។ ណាមួយយើងជាប្រពន្ធគួរតែយល់”។ រចនាបញ្ជាក់។ កញ្ញាបន្តថា បើបើកទៅឃើញឃើញសល់ប្រាក់តិចតួច ប្រពន្ធគួរលួចដាក់ថែមខ្លះទៅ ព្រោះជួនកាលប្តីម៉ូតូបែកកង់ ឬមានធុរៈអី គឺគេមានប្រាក់ជាប់ខ្លួនទុកដោះស្រាយតែម្ដង។ ម្យ៉ាងទៀត ក៏បង្ហាញថា ភរិយាចេះយល់ទុក្ខធុរៈប្តី កុំចាំតែអីតិចប្តីហារមាត់ប្រាប់ ទើបប្រពន្ធដឹងនោះ គឺជារឿងមិនល្អទៅវិញទេ។
ការឆែកកាបូបប្ដីជារឿងល្អ ឬអត់ សម្រាប់អ្នកស្រី និទ្ទ្រា រៀបការអស់រយៈពេលជាង៣០ឆ្នាំមកហើយ ប្រាប់ថា វាមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងគ្នា ហើយអាស្រ័យលើប្ដីជាមនុស្សប្រកាន់ច្រើនឬអត់។
អ្នកស្រីថា រឿងល្អនោះគឺថា ប្រពន្ធអាចដឹងពីតម្រូវការចំណាយរបស់ប្ដីពិតប្រាកដ។ បើប្ដីចាយឆាប់អស់មិនសមទំនង គឺប្រពន្ធដឹងភ្លាម។សម្រាប់រឿងមិនល្អ បុរសខ្លះគេប្រកាន់ណាស់រឿងឆែកអីហ្នឹង ព្រោះគេយល់ថា បើគេមានគេនឹងឲ្យ កុំលួចបើកមើលសូម្បីប្រាក់ក្នុងកាបូបដូច្នេះ។ យ៉ាងណាអ្នកស្រី បញ្ជាក់ថា ការបើកមើលកាបូបលុយប្តី ក៏ជារឿងល្អផងដែរ៕
ចុះអ្នកវិញ នឹងឆែកកាបូបរបស់ប្ដីឬទេ?
ចុះអ្នកវិញ នឹងឆែកកាបូបរបស់ប្ដីឬទេ?
ប្រភព៖ sabay
0 comments:
Post a Comment