ខេត្តកំពត ៖ មន្ត្រីសាខាកាំកុងត្រូលខេត្តកំពត-កែប ដឹកនាំដោយលោក ពា សារី អនុសាខាកាំកុងត្រូលកំពត-កែប កាលពីព្រឹកថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០១៧នេះ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្តទាំងពីរ ដើម្បីចុះត្រួតពិនិត្យទំនិញជាគ្រឿងឧបភោគ បរិភោគ នំកញ្ចប់ និងភេសជ្ជៈដែលដាក់តាំងលក់ ក្នុងខេត្តទាំងពីរហួសកាលបរិច្ឆេទ ខូចគុណភាព និងធ្វើតេស្តរកសារធាតុគីមីដែលច្បាប់ហាមឃាត់ មាន ស្ករត្នោតសណ្តែកបណ្តុះ គ្រឿងសមុទ្រ និងអំបិលអ៊ីយ៉ូត ជាពិសេសរកមើលប្រេងខ្យងម៉ាក(Yain's) ផលិតនៅហុងកុង តែពុំឃើញមានដាក់លក់ទេ។ លោក ពា សារី អនុសាខាកាំកុងត្រូលកំពត-កែប បានប្រាប់អ្នកយកព៌មានយើងថា ការចុះត្រួតពិនិត្យ រាល់មុខទំនិញជាគ្រឿងហូប និងនំចំណី គ្រឿងវេចខ្ចប់ដូចបានបញ្ជាក់ខាងលើ សមត្ថកិច្ចមន្ត្រីកាំកុងត្រូល និងមន្ត្រីជំនាញខាងមន្ទីរពាណិជ្ជកម្មយើងនៃខេត្តទាំងពីរបានសហការគ្នាចុះត្រួតពិនិត្យជាពីរជំហានគឺ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧ កម្លាំងយើងចុះពិនិត្យក្នុងផ្សារស្រុកឈូក។
ជាលទ្ធផលសមត្ថកិច្ចកាំកុងត្រូលបានដកហូតបានទំនិញមួយចំនួនដូចខាងក្រោម៖ ១-ទឹកដោះគោខាប់៣៨០ក្រាម១៣កំប៉ុង(ហួសកាលបរិច្ឆេទ) ២-មីម៉ាម៉ា៦០ក្រាម១២កំប៉ុង(ហួសកាលបរិច្ឆេទ) ៣-នំធុង៤គីឡូក្រាម ៣ធុង(ហួសកាលបរិច្ឆេទ) ៤-នំដុត៣ថង់(ដុះផ្សិត) ៥-ចាហួយថាញ់ប៊ិញ ៧០០ក្រាម ៣១ថង់(ហាមឃាត់) ៦-Fanta ១,២៥លីត្រ ១ដប(ហួសកាលបរិច្ឆេទ) ៧-ផ្សិតកំប៉ុង០,១៥គីឡូក្រាម៣កំប៉ុង (ហួសកាលបរិច្ឆេទ) ៨-ប៊ឺ៧០ក្រាម ១កំប៉ុង(ហួសកាលបរិច្ឆេទ) ៩-ចាហួយដូង៥គីឡូក្រាម៨កញ្ចប់ (ហួសកាលបរិច្ឆេទ) ១០-ចាហួយផ្កាយ១០០ក្រាម១កញ្ចប់(ហួសកាលបរិច្ឆេទ)។ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧ មន្ត្រីសាខាកាំកុងត្រូលយើងបានចុះត្រួតពិនិត្យក្នុងខេត្តកែប។
នៅតាមម៉ាតនានា តំបន់ឆ្នេរ បានដកហូតភេសជ្ជៈដែលហួសកាលបរិច្ឆេទ និងខូចគុណភាពមាន Cocaco La ចំណុះ៣៩០មីល្លីលីត្រ ចំនួន១៥ដប,ទឹកផ្លែឈើចំណុះ១លីត្រ ចំនួន៨ដប,ទឹកក្រូចចំណុះ២លីត្រ ចំនួន២ដប,ទឹកដោះគោស្រស់ចំណុះ១លីត្រចំនួន១២ដប រួមនឹងទឹកក្រូចទឹកផ្លែឈើមួយចំនួនទៀតដែលហួសកាលបរិច្ឆេទ និងខូចគុណភាព។ លោក ពា សារី អនុប្រធានសាខាកាំកុងត្រូលកំពត កែប ក៏បានធ្វើការណែនាំដល់បងប្អូនអាជីវករលក់ដូរនូវទំនិញជាគ្រឿងឧបភោគបរិភោគក្តី ទំនិញជាចំណីអាហារវេចខ្ចប់ក្តី បងប្អូនត្រូវមានការប្រុងប្រយត្ន័រៀបចំដាក់តាំងលក់ ឲ្យមានអនាម័យត្រឹមត្រូវ ទំនិញណាដែលខូចគុណភាពសូមកុំដាក់តាំងលក់។ ជាពិសេសរាល់គ្រប់មុខទំនិញត្រូវពិនិត្យមើល ខែថ្ងៃផលិត និងថ្ងៃខែផុតកំណត់ នៃការប្រើប្រាស់ ពីព្រោះបើហួសកាលបរិច្ឆេទអ្នកប្រើប្រាស់អាចប្រឈមនឹងជំងឺផ្សេងៗជាច្រើនករណី និងប៉ះពាល់ដល់អាយុជីវិតអ្នកប្រើប្រាស់ទៀតផង៕
ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE
0 comments:
Post a Comment