រាជធានីភ្នំពេញ ៖ ទើបតែមានវ័យ១៣ឆ្នាំនៅឡើយ កីឡាករថៃ ចៃស៊ូ ដែលមានស្រុកកំណើតនៅភូមិច្រេះ ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានគេចាត់ទុកជាពន្លកគុនខ្មែរកំពុងរីកដុះដាលលើទឹកដីអង្គរដោយសារតែគេបានជម្នះចិត្តឪពុកម្តាយទៅលួចហាត់រៀនវិជ្ជាគុនខ្មែរនៅក្នុងក្លិបក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងទឹកដីខេត្តសៀមរាប ក្នុងគោលបំណងក្លាយជាអ្នកប្រដាល់ល្បីឈ្មោះមួយរូបនៅក្នុងប្រទេសកម្ពុជានាថ្ងៃអនាគត ។
ជួបជាមួយអ្នកសារព័ត៌មានកោះសន្តិភាពប្អូនប្រុសថៃ ចៃស៊ូ បានរៀបរាប់ពីប្រវត្តិនិងគោលបំណងរបស់ខ្លួនដែលបានឈោងចាប់យកអាជីពជាអ្នកប្រដាល់ថា ប្អូនមានបងប្អូន៤នាក់(ប្រុសទាំងអស់)ក្នុងនោះមានពីរនាក់បានចាប់យកអាជីពជាអ្នកប្រដាល់គឺបងប្រុសបង្អស់ឈ្មោះ ភាព ឌីណាល់ អាយុ១៨ឆ្នាំ និងរូបប្អូនដែលជាកូនពៅក្នុងគ្រួសារ ។
តាមពិតឪពុកម្ដាយរបស់ប្អូនជាកសិករពុំមានឈាមជ័រជាអ្នកប្រដាល់ទេ ប៉ុន្តែមិនដឹងជាមូលហេតុអ្វីទេបានជារូបប្អូននិងបងប្រុសស្រឡាញ់អាជីពជាអ្នកប្រដាល់ខ្លាំងយ៉ាងនេះ ។
អ្នកស្រីក្លាត់ លឿង ត្រូវជាម្ដាយថៃ ចៃស៊ូ បានប្រាប់ថា កូនរបស់អ្នកស្រីមានអាយុ១៣ឆ្នាំហើយប៉ុន្តែទើបតែរៀនបានត្រឹមថ្នាក់ទី៤នៅសាលាឯកជនមួយក្នុងខេត្តសៀមរាបប៉ុណ្ណោះ ។ មុនដំបូងពេលដឹងថាកូនទៅលួចហាត់ប្រដាល់អ្នកស្រីក៏បានហាមឃាត់ដែរ តែដោយសារហាមមិនឈ្នះប្រហែលនេះជានិស្ស័យរបស់កូនផងក៏មិនដឹងទើបអ្នកស្រីលែងហាមឃាត់ តែបានដាក់លក្ខខណ្ឌមិនឱ្យបោះបង់ចោលការសិក្សាទេ ។
ចំណែកលោក លុយ អូន ជាឪពុកវិញក៏មានគំនិតមិនខុសពីអ្នកស្រីក្លាត់ លឿងដែរ ព្រោះមិនដឹងហាមឃាត់កូនយ៉ាងមេ៉ចបើកូនស្រឡាញ់វិស័យកីឡាប្រដាល់នេះខ្លាំងណាស់ទៅហើយ ដូច្នេះមានតែបំពេញបំណងរបស់កូនប៉ុណ្ណោះ ។ ណាមួយលោកយល់ថា ការចាប់យកអាជីពជាអ្នកប្រដាល់នេះមិនមានអ្វីអាក្រក់នោះទេ យ៉ាងហោចណាស់ក៏បានជួយថែរក្សាក្បាច់គុនរបស់ដូនតាខ្មែរដែលបានបន្សល់ទុក ឱ្យស្ថិតនៅគង់វង្សយូរអង្វែងក្នុងនាមជាកូនចៅជំនាន់ក្រោយដែលជាអ្នកបន្តវេនដែរ ។ ម្យ៉ាងទៀត ថៃ ចៃស៊ូ បានតាំងចិត្តធ្វើជាអ្នកប្រដាល់ល្បីឈ្មោះមួយរូបនាថ្ងៃអនាគត
ហើយដើម្បីសម្រេចបំណងមួយនេះលោកជាឪពុកមានតែដាស់តឿនកូនឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីបង្កើនវិជ្ជាគុនក៏ដូចជាថែរក្សាសុខភាពរាងកាយឱ្យបានល្អផងដែរ ប៉ុន្តែមិនឱ្យបោះបង់ចោលការសិក្សាទេ ។
ហើយដើម្បីសម្រេចបំណងមួយនេះលោកជាឪពុកមានតែដាស់តឿនកូនឱ្យខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីបង្កើនវិជ្ជាគុនក៏ដូចជាថែរក្សាសុខភាពរាងកាយឱ្យបានល្អផងដែរ ប៉ុន្តែមិនឱ្យបោះបង់ចោលការសិក្សាទេ ។
គួរបញ្ជាក់ថា កីឡាករថៃ ចៃស៊ូ ទើបតែឈានជើងឡើងសង្វៀនប្រកួតនៅក្នុងឆ្នាំ២០១៧នេះប៉ុណ្ណោះ ដោយប្រកួតបាន៧ដង ឈ្នះ៦ដង ចាញ់ម្តង ។ ចំណែកនៅសង្វៀនទូរទស្សន៍ភីអិនអិន កីឡាករវ័យក្មេងរូបនេះទើបតែប្រកួតបាន២ដងប៉ុណ្ណោះដោយទទួលបានប្រាក់តម្លៃខ្លួនឈ្នះ៣០ម៉ឺនរៀល និងចាញ់២០ម៉ឺនរៀល ។ ក្រៅពីទទួលបានឱកាសឡើងប្រកួតនៅសង្វៀនភ្នំពេញម្តងម្កាល ភាគច្រើនថៃ ចៃស៊ូ និងបងប្រុសរបស់គេប្រកួតនៅតាមវត្តពេលមានបុណ្យទានតាមភូមិ ៕
0 comments:
Post a Comment